គំរោងគាំទ្រដល់ការអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជា

គំរោងគាំទ្រដល់ ការអភិវឌ្ឍន៍វិស័យ កសិកម្មនៅកម្ពុជា ត្រូវបានដាក់អោយ អនុវត្ដជាផ្លូវការ នៅក្នុងខេត្ដកំពង់ចាម។

កាលពីថ្ងៃទី១៤សីហា ឆ្នាំ២០០៨កន្លងទៅនេះ ឯកឧត្ដម អូន ព័ន្ធមុនីរត្ន័ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក អេរិក បឺញ៉ូ (Eric BEUGNOT) នាយកទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង ប្រចាំកម្ពុជា (AFD) បានចុះហត្ថលេខា លើអនុសញ្ញាហិរញ្ញប្បទានមួយ ដែលមានទឹកប្រាក់ចំនួន ២,៥ លានអឺរ៉ូ (ប្រហែល ៣,៤ លានដុល្លារ)។ ជំនួយហិរញ្ញវត្ថុ របស់ទីភ្នាក់ងារ AFD នេះមានគោលដៅ បន្ដលើកកំពស់ បច្ចេកទេសកសិកម្មថ្មីៗ នៅ ប្រទេសកម្ពុជា ដែលគេឱ្យឈ្មោះថា បច្ចេកទេសសាបព្រោះ ពូជដំណាំ លើថ្នាលរុក្ខជាតិ ដោយមិនចាំបាច់ ធ្វើការ ភ្ជួររាស់ដី - SCV

ការប្រើប្រាស់បច្ចេកទេសនេះ នឹងជួយឱ្យប្រទេសកម្ពុជា អាចអភិវឌ្ឍការដាំដុះ ប្រចាំឆ្នាំក្នុងពេល រដូវវស្សា នៅតាមតំបន់ខ្ពង់រាប ដោយប្រើវិធីជីវក្សេត្រសាស្ដ្រ ដ៏មានសក្ដានុពល ប្រកបដោយចីរភាព និងសមស្រប ចំពោះ ដំណាំកសិកម្មជា លក្ខណៈគ្រួសារ ។ ពិសេសជាងនេះទៅទៀតនោះ គឺថាបច្ចេកទេស SCV ខាងលើនេះអាច ជួយរក្សា គុណភាពដី រក្សាទុកទឹក និង ការពារការហូរច្រោះដី ។ កត្ដាទាំងបីនេះមាន សារសំខាន់ខ្លាំងណាស់ ចំពោះប្រទេស កម្ពុជា ព្រោះថាដីតំបន់ត្រូពិច មិនសូវមានជីជាតិឡើយ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាម្ចាស់គំរោង រីឯការអនុវត្ដន៍គំរោង ត្រូវបានប្រគល់ទៅឱ្យ នាយកដ្ឋានក្សេត្រសាស្ដ្រ និងកែលំអដីកសិកម្ម ។ នាយកដ្ឋាននឹង បំពេញការងាររបស់ខ្លួន ដោយមានការជួយគាំទ្រ ពីអ្នកជំនាញមួយក្រុម ដែលនឹងធ្វើការ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយផ្នែកពាក់ព័ន្ធនានា នៃក្រសួងកសិកម្ម ។ គំរោងនេះនឹងដឹកនាំ អនុវត្ដដោយ ប្រធាននាយកដ្ឋានក្សេត្រសាស្ដ្រ និងកែលំអដីកសិកម្ម ដោយមានជំនួយពី អ្នកជំនាញការ ខាងបច្ចេកទេស SCV ចំនួន២រូប ដែលបានបញ្ជូន មកដោយ មជ្ឈមណ្ឌលអន្ដរជាតិ ស្រាវជ្រាវកសិកម្ម ដើម្បីអភិវឌ្ឍន៍ (CIRAD) នៃប្រទេសបារាំង ។

ដើម្បីឈានដល់គោលដៅទាំងនេះ គេត្រូវអនុវត្ដគំរោង ខាងលើឱ្យបាន សំរេចក្នុងរយៈពេល៤ឆ្នាំ ដោយផ្ដោត លើសកម្មភាព ចំនួនបីដូចតទៅ ៖

១- ជួយគាំទ្រដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធ្វើការ អនុវត្ដន៍ និងដឹកនាំគំរោងខាងលើ ព្រមទាំងផ្ដល់នូវ សមត្ថភាពជំនាញ ដើម្បីជួយឱ្យក្រសួងអាច រៀបចំយុទ្ធសាស្ដ្រ ក្នុងការអភិវឌ្ឍន៍វិស័យ ជីវក្សេត្រសាស្ដ្រនៅកម្ពុជា ។

២- ផ្ដល់ជំនួយបច្ចេកទេស ដើម្បីបន្ដធ្វើឱ្យបច្ចេកទេស SCV នេះ មានលក្ខណៈស្រប ទៅនឹងដំណាំដាំដុះ និង សភាពដីបច្ចុប្បន្ននៅ ក្នុងប្រទេសកម្ពុជា ធ្វើការផ្សព្វផ្សាយសាកល្បង នូវបច្ចេកទេសដាំដុះនេះ នៅក្នុងមជ្ឈដ្ឋានកសិករ និងបណ្ដុះបណ្ដាល អង្គការស្ថាប័នពាក់ព័ន្ធផ្សេងៗ ។

៣- រៀបចំកម្មវិធីដើម្បីធ្វើការ ផ្សព្វផ្សាយបច្ចេកទេស SCV ឱ្យបានទូលំទូលាយ ជាពិសេសនៅ តាមតំបន់ ដែលមានសក្ដានុពលកសិកម្ម នៅខ្សោយនៅឡើយ ។

នៅថ្ងៃទី១៥ខែតុលានេះ ឯកឧត្ដម ច័ន្ទ តុងអ៊ីវ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ ដេម៉ាហ្ស៊ែរ (Jean-François DESMAZIERES) ឯកអគ្គរដ្ឋទូតបារាំង អញ្ជើញទៅកាន់ ខេត្ដកំពង់ចាម ដើម្បីចូលរួមពិធីដាក់ឱ្យអនុវត្ដ គំរោងគាំទ្រដល់ការអភិវឌ្ឍន៍ វិស័យកសិកម្មនៅ កម្ពុជា នេះជាផ្លូវការ ។

ភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៨

កែប្រែចុងក្រោយ 15/10/2008

ត្រឡប់ទៅលើ