បារាំងបំពាក់គ្រឿងឥស្សរិយយស​ជូនលោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ លោកហ្សង់­ក្លូដ ពាំបឹហ្វ ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំកម្ពុជា បានបំពាក់​គ្រឿងឥស្សរិយយស​សិល្ប:និងអក្សរសាស្រ្ត ថ្នាក់អស្សឫទ្ធិ ជូនលោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា។ ពិធីនេះបាន​ប្រព្រឹត្តទៅ​នៅក្នុងស្ថានទូត​បារាំង ដោយមានការចូលរួមជាកិត្តិយស​ពីសំណាក់ឯកឧត្តម​បណ្ឌិត ហង់ ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនេះ លោកឯកអគ្គរដ្ឋទូត​បានលើកឡើងពីការប្រឹងប្រែងមិនចេះនឿយហត់របស់លោក ហុក សុទ្ធិ ក្នុងការលើកតម្កើងវិស័យអប់រំ និងការប្រយុទ្ធប្រឆាំងអនក្ខរភាពនៅកម្ពុជា។ កើតនៅឆ្នាំ១៩៦៧ លោកបានឆ្លងកាត់វ័យកុមារភាពនៅក្នុងសង្រ្គាមស៊ីវិល និងរបបខ្មែរក្រហម។ ដោយសហការជាមួយលោកស្រី Marie Desplechin និងអ្នកគំនូរច័ន លោកសុទ្ធិបានចងក្រងសៀវភៅមួយក្បាល​មានចំណងជើងថា « សុទ្ធិ » បោះពុម្ពឆ្នាំ២០១៦ ដើម្បីរៀបរាប់ប្រវត្តិអតីតកាលដ៏ជូរចត់នេះ។

លោក ហុក សុទ្ធិ បានចូលបម្រើការងារនៅអង្គការស៊ីប៉ានៅឆ្នាំ១៩៩៥ ក្នុងនាមជាទីប្រឹក្សាផ្នែកទំនាក់ទំនង​និងគរុកោសល្យ។ បន្ទាប់មក លោកក្លាយទៅជា​អ្នកសម្របសម្រួលកម្មវិធីបណ្ណាល័យរបស់អង្គការ ដោយបានជួយបណ្តុះបណ្តាលបណ្ណារក្ស​ជាង២ ៥០០នាក់នៅទូទាំងប្រទេស មុនពេលក្លាយទៅជាប្រធាន អង្គការស៊ីប៉ានៅឆ្នាំ២០០៤។ ក្នុងអំឡុងឆ្នាំ២០០០ លោកបានបង្កើតកម្មវិធីបោះពុម្ពសៀវភៅ​ជាភាសាខ្មែរសម្រាប់យុវជន។ ជាមួយក្រុមការងារស៊ីប៉ា លោកបានរួមចំណែក​ធ្វើអោយអង្គការនេះក្លាយទៅជាអង្គការគម្រូ​មួយនៅក្នុងវិស័យអប់រំ និងការលើកស្ទួយការអាន។ ដោយឡែក លោកក៏បានចូលរួម​យ៉ាងច្រើនផងដែរ​ក្នុងសកម្មភាពរបស់អង្គការក្នុងស្រុកនានា​ដែលធ្វើការលើទិសដៅរួម គឺការលើកកម្ពស់ការអាន និងការទទួលបានការអប់រំសម្រាប់ទាំងអស់គ្នា។

ការបំពាក់គ្រឿងឥស្សរិយយសិល្ប:និងអក្សរសាស្រ្តនេះ គឺជាសក្ខីភាពនៃ​ការកោតសរសើររបស់ប្រទេសបារាំង​ចំពោះវីរិយភាពគម្រូរបស់លោក ហុក សុទ្ធិ។ គួរបញ្ជាក់ថា គ្រឿងឥស្សរិយយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដើម្បីលើកទឹកចិត្តដល់បុគ្គលទាំងឡាយណាដែលមានស្នាដៃបង្កើតថ្មីលេចធ្លោក្នុងវិស័យសិល្ប: ឬអក្សរសាស្រ្ត ក៏ដូចជាបុគ្គលដែលបានរួមចំណែកលើកតម្កើងសិល្ប: និងអក្សរសាស្រ្តនៅក្នុងប្រទេសបារាំង និងក្នុងពិភពលោក ៕

កែប្រែចុងក្រោយ 27/01/2017

ត្រឡប់ទៅលើ