ការប្រារព្ធខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍

ឆ្លើយតប​នឹងគំនិត​ផ្តួចផ្តើ​មរ​បស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្រសួង​ការបរទេស​ និង​សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃព្រះរា​ជាណាចក្រ​កម្ពុជា ដោយ​មាន​ការរួមចំ​ណែក​ពីវិទ្យា​ស្ថា​ន​ខ្មែរសម្រាប់​សហ​ប្រតិ​បត្តិ​ការ និ​ង​សន្តិ​​ភាព បាន​រៀបចំ​ពិធីរម្លឹ​ក​ខួប​លើកទី២៥​ឆ្នាំ​នៃ​ការ​ចុះហត្ថ​លេខា​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍។​ ពិធី​នេះបាន​ប្រព្រឹត្តិ​ទៅកាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​តុលា ខាង​មុខ នៅ​ទីស្តី​ការក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ តា​ម​រយ:​ការរៀបចំ​សន្និសីទ​មួយ​ដោយ​មាន​ការចូល​រួម​ពីវាគ្មិន​ជា​ច្រើន ក្នុង​នោះមាន​ឥស្សរជន ដែល​បានចូល​រួម​ក្នុង​ការ​ចរចា​ផ្ទាល់ និង​អ្នកសង្កេតការណ៍​សំខាន់ៗ​នៃដំណើរ​ការចរចា​រហូត ដល់​ការសម្រេ​ច​បាន​កិច្ចព្រមព្រៀងនេះ​។ នៅ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួមផង​ដែរ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រាជរដ្ឋា​ភិ​បាល សមា​ជិក សមាជិការ​សភា អង្គ​ទូត សាស្រ្តា​ចារ្យ និ​ស្សិត និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ការ​រៀបចំ​ពិធី​រម្លឹក​ខួបនេះ​មានគោលដៅ​រំលេច​ពីសារ​សំខាន់​នៃ​កិច្ចព្រម​​ព្រៀង​​ទី​ក្រុង​​ប៉ារីស៍ ក្នុង​​ការ​​ស្តារ​​សន្តិ​ភាព​​នៅ​កម្ពុជា​​ឡើង​វិញ​​​​បន្តិច​​​ម្តងៗ ក៏​ដូច​ជាកា​រទទួល​​បាន​​មក​វិញ​នូវ​​អធិប​​តេយ្យ​ភាព និង​តួនាទី​របស់​កម្ពុជា​លើឆាក​អន្តរ​ជាតិ​។

លោក​​ហ្សង់ ដាវីឌ ឡេវីត ​បាន​​អញ្ជើញ​​មក​ភ្នំពេញ​​នៅសប្តាហ៍​​នេះ ដើម្បី​​ចូល​​រួមពិធី​រម្លឹក​​ខួប​ខាង​​លើ ដែល​​កាល​នោះ​លោកជា​​ភាគី​ចរចាតំ​​ណាង​ប្រទេស​​បារាំង​។ លោក​​ក៏​បាន​ធ្វើ​សន្និសីទ​ដ៏​គួរអោយចា​ប់​អារម្មណ៍​មួយ​នៅវិទ្យាស្ថា​នបារាំង​នៅ​កម្ពុជា ស្តីពី​ស្ថាន​ភាពអន្តរ​ជាតិ ២៥​ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៍។ លោក​បាន​ក្រាប​បង្គំ​គាល់​ព្រះករុណាព្រះ​បាទ​នរោ​ត្តម​ សីហ​មុនី ព្រះមហា​ក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​មុនិនា​ថ ព្រះ​រាជ​មាតាជាតិ​ខ្មែរ។ លោក​ក៏បានជួប​សម្តែងការ​គួរសម​ជាមួយ​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ឯកឧ​ត្តម​ឧបនាយក​រដ្ឋ​ម​ន្ត្រី ហោ ណាំហុ​ង និ​ង​ឯក​ឧត្តម គាត ឈន់ផង​ដែរ​។ ក្រៅ​ពី​នេះ លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុបារាំង​អន្តរ​​ជាតិ RFI និង​បាន​ទ​ស្សនា​មជ្ឈ​មណ្ឌល​បុប្ផា​ណា ដែល​បាន​ក្លាយ​ជាស្ថាប័ន​សំខាន់​មួយ​ក្នុង​ការ​ថែ​រក្សា​ឯកសារ​សោត​ទស្សន៍ចាស់​ៗ ដោយ​មានជំនួយ​កិច្ច​សហ​ប្រតិបត្តិការ​បារាំង៕​

កែប្រែចុងក្រោយ 24/02/2017

ត្រឡប់ទៅលើ