បារាំងបំពាក់គ្រឿង​ឥស្សរិយយស​ជូនលោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ

JPEG

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោកហ្សង់­ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ឡាឡេស្យុង​ដោនើរ (La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ ជូនលោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ ដែលជាបុគ្គល​មានឥទិ្ធពល និងទទួល​បាន​ការ​គោរព​ក្នុង​ចំណោម​សមាជិក​អង្គការ​សង្គម​ស៊ីវិលកម្ពុជា។ ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ស្ថានទូត​បារាំង​ ដោយមាន​ការចូលរួម​ពីសមាជិករាជវង្ស ក្រុមគ្រួសារ និង​សហសេវិកលោកស្រី ។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកពី​ជីវប្រវត្តិដ៏គួរអោយកត់សម្គាល់របស់លោកស្រីពុង ឈីវកេក ដែលបានបញ្ចប់ការសិក្សា​ផ្នែកវេជ្ជសាស្រ្តនៅ​ប្រទេសបារាំង ហើយវិលត្រលប់មក​កម្ពុជាវិញនៅឆ្នាំ១៩៦៨ ដើម្បីបំពេញការងារ​នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។ នៅឆ្នាំ១៩៧១ លោកស្រីបាននីរទេសខ្លួន​ពីកម្ពុជាទៅកាន់​ប្រទេសបារាំង ដែលនៅទីនោះ លោកស្រីបាន​ដើរតួនាទី​សំខាន់ក្នុង​ដំណើរការផ្សះផ្សារ​ជាតិកម្ពុជា។ លោកស្រីគឺជាអ្នកចូលរួមផ្តួចផ្តើម​រៀបចំអោយមាន​ជំនួបដំបូងៗ​រវាងព្រះអង្គម្ចាស់​សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតំបន់ Fère-en-Tardenois នៃប្រទេសបារាំង​កាលពីឆ្នាំ១៩៨៧។ ជំនួបទាំងនោះគឺជាដំណាក់កាលដំបូង​នៃដំណើរការចរចារ ដែលឈានទៅដល់​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ ដែលខួប២៥ឆ្នាំនឹងត្រូវ​ប្រារពធ្វើនៅឆ្នាំនេះ។

បន្ទាប់ពីការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ លោកស្រី ពុង ឈីវកេក បានបង្កើត​អង្គការលីកាដូ ដែលមិនយូរប៉ុន្មាន​បានក្លាយទៅជា​អង្គការក្រៅរដ្ឋាភិបាលមួយ លេចធ្លោក្នុងការការពារសិទ្ធិមនុស្ស​នៅកម្ពុជា។ អង្គការលីកាដូ​ធ្វើសកម្មភាពជាច្រើន​ក្នុងការផ្តល់ជំនួយ​ផ្នែកមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្ត​ដល់អ្នកជាប់ពន្ធនាគារ ក៏ដូចជាការ​ការពារសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលការបោះឆ្នោត ។ អស់រយៈពេលជាង២០ឆ្នាំហើយ​ដែលអង្គការនេះ​បានរួមចំណែក​ពង្រឹងនីតិរដ្ឋ និងជួយជនងាយ​រងគ្រោះនៅកម្ពុជា។

ដូច្នេះ ការបំពាក់គ្រឿងឥស្សរិយយសឡាឡេស្យុងដោនើរ​ដល់លោកស្រី ពុង ឈីវកេក គឺជាសក្ខីភាពនៃការកោតសរសើរ​របស់ប្រទេសបារាំងចំពោះ​តួនាទីរបស់លោកស្រីក្នុងដំណើរការផ្សះផ្សារជាតិ និងការរួមចំណែក​ពង្រឹងសិទ្ធិមនុស្សនៅ​កម្ពុជា។ ប្រទេសបារាំង​មានមោទនភាពក្នុងការគាំទ្រ និងបន្តគាំទ្រ​អង្គការសង្គមស៊ីវិល ដែលដើរតួនាទីសំខាន់​ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យនៅកម្ពុជា។

សូមបញ្ជាក់ថា ឡាឡេស្យុងដោនើរគឺជាគ្រឿងឥស្សរិយយសដ៏​ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើត​ឡើង​ដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត នៅឆ្នាំ១៨០២៕

សូមអានសុន្ទកថារបស់លោកឯកអគ្គរដ្ឋទូតក្នុងឱកាសនោះ។

កែប្រែចុងក្រោយ 08/09/2016

ត្រឡប់ទៅលើ