បារាំងបំពាក់គ្រឿងឥស្សរិយយសជូនអ្នកគ្រូ នាង ផល្លា នៃអង្គការគ្រួសារថ្មី

JPEG

នៅ​ព្រឹ​ក​ថ្ងៃ​ទី១​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក​​ហ្សង់​-­ក្លូដ ពាំ​បឺហ្វ ឯ​ក​អគ្គរដ្ឋ​ទូតបា​រាំង​ប្រចាំកម្ពុជា បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យស​អប់រំ (Ordre des Palmes Académiques) ថ្នាក់​អស្សឫទ្ធិ ជូន​លោក​ស្រី នាង ផល្លា គ្រូ​បង្រៀន​នៅសាលា​អង្គការ​គ្រួសារ​ថ្មី និ​ង​ជាអ្នក​សម្របសម្រួល​កម្ម​វិធី​ជាតិ​នៃ «ការអ​ប់​រំសម្រាប់​កុមារពិ​ការ​ភ្នែក និង​គ ថ្លង់»។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្នុង​ឱកាសនៃ​ការ​ប្រារព្ធ​ខួប​លើក​ទី២៥​​ឆ្នាំ​របស់អ​ង្គ​ការ គ្រួសារថ្មី ក្រោម​ព្រះរាជា​ធិប​តីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណាព្រះ​បាទ​សម្តេ​ច​ព្រះ​បរម​នាថ នរោ​ត្តម សីហ​មុនី ព្រះ​មហា​ក្សត្រនៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ព្រម​ទាំង​វត្ត​មាន​របស់​សម្តេ​ច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ សមា​ជិក​សមា​ជិកា​រ​រាជ​រដ្ឋា​ភិបាល និង​លោក Benoît Duchâteau-Arminjon ដែល​ជា​ប្រធាន​ និង​​ស្ថាបនិក​នៃ​អង្គ​ការ​នេះ ។

JPEG

ក្នុងឱកាស​នោះ លោក​ឯកអគ្គ​រដ្ឋ​ទូត​បាន​រៀបរាប់​ពីប្រវត្តិកា​រងារ​របស់​លោក​ស្រី នាង​ ផល្លា ក្នុ​​ង​ការ​បង្ហាត់​បង្រៀន​កុមារ​ពិការ​ភ្នែក។ ក្រោយ​រត់​គេច​ចេញ​ពីរបប​ខ្មែរ​ក្រហម លោក​ស្រី នាង ផល្លា បាន​ទទួលកា​រ​បណ្តុះ​បណ្តាល​ពីអង្គការ​សហ​ប្រជា​ជាតិ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​នៅប្រទេស​ថៃ មុន​ពេល​ទៅ​បង្រៀន និង​ដឹកនាំ​សាលា​កុមារ​ពិការភ្នែក​ក្នុ​ង​ជំរុំ។ នៅ​ពេល​លោកស្រី​ត្រឡប់​មកកាន់​មាតុប្រទេសវិញ​នៅឆ្នាំ១៩៩១ ​លោកស្រី​បាន​ទាក់​ទ​​ង​​ជាមួយ​អ​ង្គ​​ការ​គ្រួ​សារ​​ថ្មី ដើម្បី​ជួយប​ង្ហាត់​បង្រៀន​កុមារ​ពិការ​ភ្នែក និង​គថ្លង់ និង​ធ្វើការ​អភិវឌ្ឍ​កម្ម​វិធី​បណ្តុះបណ្តាល​ពិសេស​មួយ​សម្រា​ប់​កុមារទាំ​ងនេះ។ កិច្ច​សហប្រតិបត្តិការ​នេះ​បាននាំអោ​យ​មានការ​​បង្កើ​ត​​សាលាស​​ម្រាប់​​កុមារ​​ពិការ​ភ្នែក និង​គ ថ្លង់លើ​កដំ​បូង​នៅ​កម្ពុជា​​ក្នុ​ង​ឆ្នាំ​១៩៩៣​។​ លោកស្រី​ក៏បាន​ក្លាយជាគ្រូបង្រៀនអក្សរ​ប្រាយ​(សម្រាប់កុមារ​ពិការ​ភ្នែក)​ដំបូង​គេប​ង្អស់​នៅកម្ពុជា ហើយ​បានរួមចំ​ណែក​បង្កើត​អក្សរ​ប្រាយ​ជាភាសា​ខ្មែរ។

ការងារ និងការប្តេជ្ញា​ចិត្តរ​បស់លោ​ក​ស្រី​ត្រូ​វ​បានទ​ទួល​ស្គាល់​លើឆាក​អន្ត​រ​ជាតិ ដោយសារលោកស្រី​ស្ថិត​ក្នុង​ចំណោម​បេក្ខជន១០រូប​ដើម្បី​ដណ្តើម​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើមពិភព​លោក (Global Teacher Prize) ។

ដំណឹង​នេះត្រូវ​បានផ្សព្វ​ផ្សាយពា​សពេញ​ប្រទេស​កម្ពុជា ដែលជា​មោទនភាព​មួយ​សម្រាប់ប្រជា​ជនខ្មែរ ក៏ដូ​ចជាសម្រាប់​ថ្នាក់ដឹក​នាំ​ផង​ដែរ។

ដោយសា​រ​ប្រវត្តិ​ការងារគំរូនេះ​ហើយ​ទើប​ប្រទេស​បារាំង​សម្រេ​ច​បំពាក់​គ្រឿងឥស្សរិយ​យស​អប់រំ ជូន​ដល់​លោក​ស្រី នាង ផល្លា ហើយ​កាយ​វិកា​នេះ​ក៏ជា​សក្ខីភាព​បញ្ជាក់​ពីការទទួល​ស្គាល់ និងលើកទឹក​ចិត្តរបស់​បារាំង​ចំពោះលោ​ក​ស្រី ដែល​ជា​គ្រូប​ង្រៀន​និង​ជាស្រ្តីមួយ​រូបមាន​ដំណើរ​ជីវិត និងប្រវត្តិកា​​រងារ​ដ៏គួរ​អោយ​កត់​សម្គាល់។

សូម​បញ្ជាក់​ថាមេដាយអ​ប់រំ​គឺជាគ្រឿង​ឥស្សរិយយសដ៏​ចំណាស់​មួយ​របស់​សាធា​រណ​រដ្ឋបារាំង ដែល​ត្រូវបាន​បង្កើ​ត​ឡើង​នៅឆ្នាំ១៨០៨​ដោយព្រះចៅ​ណាប៉ូឡេអុង​ទី១ ដើម្បីផ្តល់​ជូន​សាស្រ្តា​ចារ្យ និង​លោកគ្រូ​អ្នកគ្រូ។ ចាប់​ពីឆ្នាំ១៨៦៦​មក គ្រឿង​ឥស្សរិយ​យសនេះ​ក៏​ត្រូវបាន​បំពាក់ផង​ដែរ​ដល់បុគ្គល​មិនមែនជា​គ្រូ​បង្រៀន តែ​មាន​ស្នាដៃ​ឧត្តុង្គ​ឧត្តម​ក្នុង​វិស័យអប់​រំ៕

កែប្រែចុងក្រោយ 09/03/2016

ត្រឡប់ទៅលើ