ពិធីប្រកាសបង្កើតបណ្តាញអតីតនិស្សិតកម្ពុជា មកពីប្រទេសបារាំង

កាល​ពី​ថ្ងៃ​ចន្ទ ទី​១៦ ខែវិ​ច្ឆិកា​កន្លង​ទៅ ស្ថាន​ទូតបារាំង​ប្រចាំក​ម្ពុជា​បាន​រៀប​ចំពិធី​ប្រកាស​បង្កើត​ជា​ផ្លូវ​ការនូវ​បណ្តាញ​អតីត​និស្សិតក​ម្ពុជា​ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ឬ​ France Alumni​ Cambodge​ ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម ហ្សង់-ក្លូដ ពាំបឺហ្វ ឯក​អគ្គ​រដ្ឋ​ទូត​បា​រាំ​ង​ប្រចាំក​ម្ពុជា លោក​ជំទាវ ភឿង សកុណា រដ្ឋម​ន្ត្រី​ក្រសួងវ​ប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​ឯក​ឧត្តម យក់ ង៉ុយ រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ទទួល​បន្ទុក​ផ្នែក​ឧត្តម​សិក្សា។

JPEG

នៅ​ក្នុង​កម្មវិធីពិ​សេសនេះ​ក៏មាន​វត្ត​មានរ​បស់ស​មាជិក​រាជ​រដ្ឋា​ភិបាល សមាជិក​សភា ចៅ​ក្រម និង​អតីត​និស្សិត​ធ្លាប់​សិក្សា​នៅប្រទេស​បារាំង​ជិត​៣០០នា​ក់​មកពីជំនាន់​ផ្សេងៗ​គ្នា ហើយ​បច្ចុប្បន្នកំ​ពុង​បំពេញការ​ងារ​រៀងៗខ្លួន​ទាំង​នៅក្នុង​ស្ថាប័ន​រដ្ឋ និង​តាម​បណ្តា​ក្រុម​ហ៊ុន​ឯក​ជន ក៏ដូចជា​ក្នុង​វិស័យ​ព័ត៌​មាន អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល ឬ​ផ្នែក​សិល្បៈ​ជា​ដើម។ តំណាង​ក្រុម​ហ៊ុនបារាំង​និងគ្រិះ​ស្ថាន​ឧត្ត​​ម​សិក្សា​កម្ពុជា​ក៏បាន​ចូល​រួម​នៅក្នុង​ព្រឹត្តិ​ការណ៍​​នេះ​ផង​ដែរ។

នៅ​មុន​ពេល​ចាប់​ផ្តើម​កម្ម​វិធី អ្នកចូល​រួមទាំង​អស់​បានស្មិ​ងស្មាធិ៍​ចំនួន​មួយ​នាទី​ដើម្បី​សម្តែង​សមាន​ទុក្ខចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុងអំពើ​ភេរវកម្ម​នៅទី​ក្រុង​ប៉ារីស៍​កាល​ពីថ្ងៃ​ទី​១៣​​វិច្ឆិកា។ ពាក់ព័ន្ធ​នឹង​ការបង្កើត​បណ្តាញអ​តីតនិស្សិត​កម្ពុជា​មក​ពី​បារាំង លោកឯក​អគ្គ​រដ្ឋ​ទូត​​បារាំង​បាន​គូស​បញ្ជាក់​ថាតាម​រយៈគេ​ហទំ​ព័រ www.cambodge.francealumni.fr អតីត​និស្សិត​កម្ពុជាអា​ច​រក្សា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​បារាំង ជាមួយ​គ្រឹះ​ស្ថាន​សិក្សា​របស់​ខ្លួន ក៏​ដូច​ជា​ក្រុម​ហ៊ុន និង​វប្បធ​ម៌​បារាំង។ ពួក​គេក៏​អាច​រក្សា​ទំនាក់​ទំនង​ជាមួយមិត្ត​ភក្តិ ឬជា​មួយ​អតីត​និស្សិត​ផ្សេង​ទៀត​ក្នុង​ពិភព​លោក ហើយ​អាច​ទទួល​បាន​ព័ត៌​មាន​ស្តីពី​ការ​បណ្តុះ​បណ្តាល​អាហារូ​ប​ករណ៍ កម្ម​សិ​ក្សា ឬ​ឱកាស​ការងារ​ទាំង​នៅក​ម្ពុជា និង​នៅ​បរ​ទេស។

ក្នុង​មួយ​ឆ្នាំ​ៗ និស្សិត​កម្ពុជា​ប្រមាណជិ​ត​៦៥០​នាក់​ចាក​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​លើមុខជំ​នាញ​សំខាន់ៗ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ ​ដូច​ជា ​សេដ្ឋ​កិច្ច ច្បាប់ សុខា​ភិ​បាល វិទ្យា​សាស្រ្ត​វិស្វ​ករ ឬ​ទេស​ចរណ៍​ជា​ដើម។ និស្សិត​មួយ​ចំនួន​ទទួល​បាន​អាហា​រូប​ករណ៍​ផ្តល់​ដោយ​រដ្ឋា​ភិបាល​បារាំង ឬស្ថា​ប័ន​ដៃគូ​(ប្រហែល​១០០​នា​ក់​ក្នុ​ង​មួយ​ឆ្នាំ) ហើយ​មួយ​ចំនួន​ទៀត​ទៅ​សិក្សា​ជា​លក្ខណ:​ឯក​ជន។ បើគិត​តាំង​ពីអំឡុង​ឆ្នាំ​១៩៩០​រហូត​ដល់​បច្ចុ​ប្បន្ន ប្រទេស​បារាំង​បាន​ផ្តល់​អាហាររូបករណ៍ដ​ល់និស្សិត​កម្ពុជា​ប្រហែលជិ​ត៣ ០០០​នាក់។

លោកឯ​កអគ្គរដ្ឋ​ទូត​បាន​សង្កត់​ធ្ងន់​ផង​ដែរ លើសារ​សំខាន់​នៃកិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សា​កល​​វិទ្យា​ល័យបា​រាំង​និង​កម្ពុជា​នៅក្នុងកា​របណ្តុះ​បណ្តាល​ថ្នាក់​ឧត្ត​ម​សិក្សា ដោយ​បាន​ចុះ​កិច្ច​​ព្រម​ព្រៀង​ជាមួយ​គ្នាស​រុប​ចំនួន​៧០។ តាម​រយ:​កិច្ច​សហការ​ទាំង​នេះ គ្រូពេទ្យ​កម្ពុជា​ជិត​៦០០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​នៅមន្ទីរ​ពេទ្យ​ប្រទេស​បារាំង​ក្នុងរយៈ​ពេល២០​ឆ្នាំ​​ចុង​​ក្រោយ​នេះ ហើយ​នៅឆ្នាំ​២០១៥ និស្សិត​កម្ពុ​ជា​៧ ០០០​នាក់​បានចុះ​ឈ្មោះសិ​ក្សា​ជា​ភា​សា​​បារាំង នៅតា​មសាកលវិទ្យា​ល័យ​ប្រើប្រាស់​ភាសាបា​រាំង​នៅក​ម្ពុជា។ កិច្ចខិត​ខំប្រឹង​ប្រែង​នេះ​​​ធ្វើ​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ​នៃភាព​ជាដៃ​គូរវាង​បារាំង​​ និង​កម្ពុជា ដែល​បាន​ចាត់​ទុក​ការ​បណ្តុះ​បណ្តាល​​​ធនធាន​មនុស្ស​ជាអាទិភាព​មួយក្នុង​ចំណោម​អាទិភាព​ពីរ​សម្រាប់​ឆ្នាំ​២០១៥-​២០១៨​។

JPEG

បណ្តាញ​អតីត​និស្សិត Fran​ce A​lum​ni ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០១៤​ដោយ​លោក​ ឡូរ៉ង់ ហ្វា​ប៊ី​យូស រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បារាំង ដើម្បី​ប្រមូលផ្តុំ​អតីត​និស្សិត​ដែល​ធ្លា​ប់បា​នទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​ជួយ​ពួក​គេ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជាមួយ​ប្រទេស​បា​រាំង។ ជា​រៀង​រាល់​ឆ្នាំ និស្សិត​បរទេស​ប្រមាណ​៣០​ម៉ឺន​នាក់​ជ្រើស​រើស​បន្ត​ការ​សិក្សា​នៅប្រ​ទេស​បា​រាំង ដែល​ធ្វើអោយ​បារាំង​ក្លាយ​ជា​ប្រទេស​ទី៣​ក្នុ​​ង​ពិ​ភព​លោក​ក្នុង​ការទ​ទួល​និស្សិត​បរទេស​ច្រើន​ជាង​គេ៕

កែប្រែចុងក្រោយ 18/11/2015

ត្រឡប់ទៅលើ