ការបំពាក់គ្រឿងឥស្សរិយយសជាតូបការជូន លោក អាកណូ ដាក ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហ កម្មបារាំង-កម្ពុជា

កាល​ពីថ្ងៃ​ទី៩ ខែតុ​លា ឆ្នាំ​២០១៥ លោក​​ហ្សង់-­ក្លូដ ពាំ​បឺហ្វ ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស​ជាតូប​ការ​ថ្នាក់​អស្សឫទ្ធិ​ជូន​ដល់​លោក អាកណូ ដាក (Arnaud DARC) ប្រធាន​សភា​ពាណិជ្ជ​កម្ម និង​ឧស្សាហ​កម្ម​បារាំង-កម្ពុជា និង​ជា​ប្រធានក្រុម​ហ៊ុន។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្ថាន​ទូតបា​រាំង​ដោយ​មាន​ការចូលរួ​ម​ជាកិត្តិយស​ពីសំណាក់​ឯក​ឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍ ព្រម​ទាំង​សហ​សេ​វិក មិត្ត​ភក្តិ និងក្រុម​គ្រួសារ​របស់​លោក អាក​ណូ ដាក ផង​ដែរ។

JPEG

នា​ឱកាស​នោះ លោក​ឯក​អគ្គរដ្ឋ​ទូត​បាន​រៀបរាប់​ពីសកម្មភាព​សំខាន់ៗ​របស់​លោក អាក​ណូ ដាក ចាប់​តាំងពី​ពេលដែល​​លោក​មកដល់កម្ពុជា​កាលពី​ជាង​២០ឆ្នាំមុន។ លោក​បាន​រួមចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​តម្កើង​ទេព​កោសល្យ​បារំាង​លើផ្នែក​ម្ហូបអា​ហា​រ​និងសណ្ឋា​គារ ព្រម​ទាំង​ចូល​រួម​​ក្នុង​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ប្រកប​ដោយគុណភាព​ខ្ពស់។ ជាង​នេះ​ទៅ​ទៀត លោក​គឺ​ជាបុគ្គល​ម្នាក់​សកម្ម​ក្នុង​ការលើកតម្កើង​សិល្បៈចំណី​អាហារ​បែប​បារាំង និង​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​រៀបចំ​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​បា​រាំង។

JPEG

ក្នុង​នាម​ជា​សមាជិក​សកម្មនៃ​សហគមន៍​ធុរកិច្ច លោក​បាន​ចូល​រួមបង្កើត​សភា​ពាណិជ្ជកម្មនិង​ឧស្សា​ហកម្ម​បារាំង​-កម្ពុជា ហើយ​បាន​ក្លាយ​ជាប្រធាន​ស្ថាប័ន​នេះចាប់​តាំង​ពីឆ្នាំ​២០១៣។ លោក​ក៏ជា​អនុប្រធាន​សភា​ពាណិជ្ជ​កម្មអឺរ៉ុប​នៅកម្ពុជា​ផង​ដែរ។ តាម​រយ:​ទេពកោសល្យ​របស់ខ្លួន​ក្នុង​ផ្នែក​ធុរកិច្ច លោក អាកណូ ដាក បា​ន​ជួយជ្រោ​ម​ជ្រែង​ពាណិជ្ជករកម្ពុជាក្នុង​ការ​បង្កើត​សមាគម​ពីរ គឺ​សមាគម​សណ្ឋាគារ​កម្ពុជា និងសមាគម​ភោជនីយ​ដ្ឋានកម្ពុជា​។ ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​២០១៥​មក លោក​ជាទីប្រឹក្សា​ពាណិជ្ជកម្មបា​រាំង​ក្រៅប្រ​ទេស ។ ក្រៅ​ពីនេះ លោក​អាកណូ ដាក ក៏​មានស្នាដៃ​លេច​ធ្លោ​ផងដែរ​ក្នុង​ការ​ចូល​រួម​បម្រើ​ពល​​រដ្ឋបារាំង​នៅ​កម្ពុជា ជាពិ​សេស​តាម​រយ​:​សមា​គម AEFC។

សូម​បញ្ជាក់​ថាមេដាយ​ជាតូបការ​ត្រូវ​បាន​បង្កើ​ត​ឡើង​ដោយលោក​ឧត្ត​ម​សេនីយ៍​ដឺហ្គោល ក្នុង​ឆ្នាំ​១៩៦៣ ដើម្បីបំពាក់ជូន​ឥស្សរ​ជន​បារាំង និងបរទេស​ទាំង​ឡាយ​ណា​ដែល​មានស្នា​ដៃ​លេច​ធ្លោ​សម្រាប់​ប្រទេស​បារាំង៕

កែប្រែចុងក្រោយ 15/10/2015

ត្រឡប់ទៅលើ