ក្រោយពីសោកនាដកម្មនៃព្រះរាជពិធីបុណ្យអុំទូកដែលបានកើតឡើងកាលពីថៃ្ងទី22វិច្ឆិកា ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនានារបស់ប្រទេសបារាំងបានផ្ញើសាររំលែកទុក្ខជាផ្លូវការថ្វាយព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនសមេ្តច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងស្ថានភាពដ៏កៀ្រមក្រំនេះ លោកនីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្អាញពីអារម្មណ៍រន្ធត់ឥតឧបមារបស់លោកថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកគូសបញ្ជាក់ថា : « ទូលបង្គំជ្រាបយ៉ាងច្បាស់ពីទំហំនៃការឈឺចាប់របស់ព្រះរាជាណាចក្រកម្ពុជាចំពោះការបាត់បង់អាយុជីវិតដ៏ច្រើនសន្ធឹកសន្ធាប់នេះ » ។ លោកប្រធានាធិបតីបានសំដែងនូវសមានទុក្ខរបស់លោកចំពោះប្រជាជនកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រួសារសព និងអ្នករងរបួសទាំងអស់នៅក្នុងគ្រោះថ្នាក់នេះ។ ក្នុងនាមប្រជាជនបារាំង និងក្នុងនាមលោកផ្ទាល់ លោកប្រមុខរដ្ឋសូមចូលរួមរំលែកទុក្ខដ៏កៀ្រមក្រំជាមួយសមេ្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះជនរងគ្រោះដ៏ច្រើននៃសោកនាដកម្មនេះ ។
ចំណែកលោកនាយករដ្ឋមន្រ្តីហ្រ្វង់ស្វ័រ ហ្វីយ៉ុង (François Fillon) វិញ លោកបានគូសបញ្ជាក់ដល់សមេ្តច ហ៊ុន សែន ពីការអាណិតអាសូរ និងសាមគ្គីភាពដ៏ជ្រាលជ្រៅបំផុតរបស់លោកចំពោះប្រទេសកម្ពុជានៅក្នុងកាលៈទេសៈដ៏សែនខ្លោចផ្សានេះ ។ លោកក៏បានលើកឡើងផងដែរពីមនោសពោ្ចតនាមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជនបារាំង និងកម្ពុជា ដែលដក់ជាប់ក្នុងអារម្មណ៍របស់លោក ។
រីឯលោកស្រីទេសរដ្ឋមន្រ្តី មីឆែល អាលីយ៉ូ-ម៉ារី (Michèle Alliot-Marie) រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប បានផ្ញើសាររំលែកទុក្ខមួយជូនលោកឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង រដ្ឋមន្រី្តក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ កាលពីថៃ្ងអង្គារ លោកស្រីបានប្រាប់ដល់អ្នកសារព័ត៌មានថា លោកស្រីយល់យ៉ាងច្បាស់ពីទំហំនៃសោកនាដកម្មនេះ ដែលធ្វើឲ្យប្រជាជាតិ និងប្រទេសកម្ពុជាទាំងមូលរងនូវការឈឺចាប់ខ្លោចផ្សា ខណៈដែលកម្ពុជាកំពុងតែប្រារពពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្លួន ។
ជាងនេះទៅទៀត លោកស្រី កាតឺរីន តាស្កា (Catherine Tasca) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជានៃព្រឹទ្ធសភាបារាំង ក៏បានសំដែងនូវសមានទុក្ខផងដែរជាមួយសមេ្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមសមាជិកទាំងអស់នៃក្រុមមិត្តភាពបារាំង-កម្ពុជា ។ លោកស្រីបានបួងសួងឲ្យអ្នករងរបួសនៅភ្នំពេញទាំងអស់ឆាប់ជាសះសេ្បីយ ដើម្បីឆាប់វិលត្រឡប់ទៅជួបជុំគ្រួសារវិញ ។
