ព្រឹត្តិការណ៍ Alumni STEM នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

JPEG

ដោយ​មាន​ការគាំទ្រ​ពីស្ថាន​ទូត​បារាំង​ និង​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា បណ្តាញ​អតីត​និស្សិតកម្ពុជា​មក​ពី​ប្រទេស​បារាំង (France Alumni Cambodge) នឹង​រៀប​ចំព្រឹត្តិ​ការណ៍​ជួប​ជុំ​ថ្មីមួយ​លើ​ប្រធាន​បទ​«វិទ្យា​សាស្រ្ត និង​ការ​បង្កើត​​ថ្មី»​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិ​កា ចាប់​​ពីម៉ោង​៩ព្រឹក​ដល់​ម៉ោង​៧​យប់ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (ITC) ក្រោម​អធិប​តី​ភាព​របស់​ឯក​​ឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​លោក​ហ្សង់​-ក្លូដ ពាំ​បឺហ្វ ឯក​​អគ្គរដ្ឋ​ទូតបា​រាំង​ប្រចាំ​កម្ពុជា​។

ព្រឹត្តិ​ការណ៍​នេះ​នឹង​បើក​ទូលាយស​ម្រាប់​អតីត​និស្សិត​កម្ពុជា ដែល​ធ្លាប់​ទៅ​សិក្សា​ផ្នែកវិទ្យា​សាស្រ្ត​នៅ​ប្រទេស​បារាំង ព្រម​ទាំង​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​លើ​មុខ​វិជ្ជា​នេះ​ ក៏​ដូច​ជាក្រុម​ហ៊ុន​បា​រាំង និង​ក្រុម​ហ៊ុន​ប្រើ​ប្រាស់​ភាសា​បារាំង​ជាច្រើន ដែល​កំពុង​ធ្វើ​​​​អាជីវ​កម្ម​ពាក់​ព័ន្ធជា​មួយ​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា វិស្វ​កម្ម និង​គណិត​វិទ្យា (ភាសាអ​ង់​គ្លេស​ហៅ​កាត់​ថា STEM)។ លោក​អ្នកដែល​មាន​បំណង​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវ​ចុះ​ឈ្មោះ​ជា​មុនតាម​រយ:​គេហ​ទំព័រ​​​៖ www.​cambodge.​france​alum​ni.​fr​។

ព្រឹត្តិ​ការណ៍ France ​Alumni ​STEM​ នេះ​គឺជា​ឱកាស​ជួបជុំ​គ្នា​មួយ​រវាង​អតីត​និស្សិត និ​ស្សិត និង​ដៃគូរដ្ឋ​/​ឯកជន​នៅក្នុង​វិស័យ​វិទ្យា​​សាស្រ្ត ដូច​ជាព័ត៌មាន​វិទ្យា​ក្នុង​វិស័យសុ​ខា​ភិ​បាល ព័ត៌​មាន​វិទ្យា​ក្នុ​ង​វិស័យ​ធនាគារ​ និង​ធានា​​រ៉ាប់​រង ទូរ​គមនា​គ​មន៍ វិស្វកម្ម​វេជ្ជ​សាស្រ្ត គីមីឧស្សា​ហកម្ម ឧសថ​ស្ថាន​ និង​គ្រឿង​សម្អា​​ង កសិ​ចំណី​អាហារ វិស្វកម្ម​ស៊ីវិល បរិក្ខារ​សំណង់ វិស្វ​កម្មជន​បទ​ ទឹក​ស្អាត ថាម​ពល អគ្គិ​សនី មេកា​និច ។ល។ ហើយ​នេះក៏​ជាឱកាស​ដ៏ល្អសម្រាប់​អ្នក​ដែលចង់​ស្វែង​រក​ការងារ​ធ្វើក្នុង​វិស័យ​វិទ្យាសាស្រ្ត​ផង​ដែរ។

កម្ម​វិធី​ជាច្រើន​នឹង​​ត្រូវរៀប​ចំនៅក្នុង​ព្រឹត្តិការណ៍​ខាង​លើ ក្នុង​នោះពេល​ព្រឹក​គឺ​ជា​ការ​ជួប​ជុំរវាងអ​តីត​និស្សិ​ត និ​ស្សិត និង​ក្រុម​ហ៊ុន រីឯ​ពេលរសៀល​នឹង​ផ្តោតលើ​ការ​សិក្សា និង​ស្រា​វជ្រាវវិទ្យា​សាស្រ្ត ដែល​នឹង​អនុញ្ញាត​អោយអ្ន​ក​ចូល​រួម​ផ្លាស់ប្តូ​រយោបល់​គ្នា​ជាមួយ​ដៃ​គូ​រដ្ឋ និង​ឯក​ជន ព្រម​ទាំង​ស្វែង​យល់​ពីការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​នៅ​ប្រទេស​បារាំង អាហារូ​ប​ករណ៍ និង​សាកលវិទ្យា​ល័យ​ដៃ​គូ​នានា​។ ចំណែក​ពេលល្ងា​ច​​ពីម៉ោង​១៧ដល់​ម៉ោង​១៩ ដោយ​មាន​ការ​គាំទ្រ​ពី ក្រុមហ៊ុន Thalès France នឹង​មាន​ការ​ធ្វើបទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ថ្មី ការ​ចង​ក្រងបណ្តាញ ការ​វិនិយោគ​ក្នុង​វិស័យ​វិទ្យា​សាស្រ្ត​នៅ​កម្ពុជា ឱ​កាស​ការ​ងារ និង​ការ​ចែក​ប័ណ្ណ​សរសើរដល់​អតីត​និស្សិ​ត​ឆ្នើម។

បណ្តាញ​អតីត​និស្សិត France Alumni ត្រូវ​បាន​បង្កើត​ឡើងកា​ល​ពីឆ្នាំ២០១៤​ដោយ​ក្រសួ​ង​ការ​បរ​​ទេស​បារាំង។ ដោយឡែក​នៅក​​ម្ពុជា បណ្តាញ​នេះត្រូ​វបាន​ប្រកាស​ជាផ្លូវការ​កាល​ពីខែ​វិ​ច្ឆិកាឆ្នាំ​​មុន ហើយ​បច្ចុប្ប​ន្ន​មាន​សមាជិក​ជាង​៥០០​នាក់​។ ក្នុង​មួយឆ្នាំ​ៗ និស្សិត​បរទេសប្រមាណ​៣​សែន​​នាក់ ក្នុង​នោះ​៦៥០​នាក់​ជានិស្សិត​កម្ពុជា បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារំាង ​ដែលធ្វើ​​អោយ​បារាំង​ក្លាយ​ជា​ប្រទេ​ស​​​ធំ​ជាង​គេ​​​ទី៣​ក្នុ​ង​ពិភព​លោកក្នុង​ការ​ទទួល​និស្សិត​បរទេស​ទៅ​សិ​ក្សា និង​ស្រាវ​ជ្រាវ ហើយ​បារាំង​ក៏ជាប្រទេស​ធំជាង​គេ​ទី៣​ផងដែរ​ក្នុង​ការ​ទទួល​និស្សិត​កម្ពុជា ៕

សម្រាប់​ព័ត៌មាន​​បន្ថែម ​៖

  • ចុះ​ឈ្មោះ​ចូល​រួម​កម្ម​វិ​ធី ៖ https:​//www.​francealumni.fr/fr/poste/cambodge/agenda/2657
  • គេហ​ទំ​​ព័រ​បណ្តាញ​អតីត​និស្សិត​កម្ពុជា​មក​ពី​ប្រទេស​បា​រាំង៖ www.cambodge.francealumni.fr
  • ចម្ងល់​ផ្សេង​ៗ ៖ michael.gras@diplomatie.gouv.fr

កែប្រែចុងក្រោយ 29/12/2016

ត្រឡប់ទៅលើ